លោកជំទាវ ជុន បូរ៉ានី សួន សុម៉ាលីន និងក្រុមការងារ អញ្ជើញចុះពិនិត្យសហគមន៍កសិកម្មអភិវឌ្ឍន៍ថ្មី នៅឃុំកោះរកា ស្រុកពាមជរ
(ព្រៃវែង) : នៅថ្ងៃអង្គារ ទី២៧ ខែមករា ឆ្នាំ២០២៦
នេះ លោកជំទាវ ជុន បូរ៉ានី ឧត្តមភរិយា ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ: អភិបាលខេត្តព្រៃវែង រួមជាមួយលោកស្រីអភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរជំនាញពាក់ព័ន្ធ និងក្រុមការងារបានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងពិនិត្យមើលស្ថានភាពផលិតកម្មដំណាំកសិកម្ម ស្ថិតនៅក្នុងភូមិដីស្រុត ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង។
ក្នុងឱកាសនោះផងដែរ លោកជំទាវ និងក្រុមការងារបានពិនិត្យយ៉ាងយកចិត្តទុកដាក់លើការដាំដុះដំណាំរួមផ្សំជាច្រើនប្រភេទរួមមាន÷ ដំណាំល្ពៅ ល្លុង ត្រសក់ ម្រះ ប៉េងប៉ោះ ម្ទេស ខាត់ណា និងននោង ។ល។ លោកជំទាវបានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់បងប្អូនកសិករ ដែលចេះច្នៃប្រឌិតផ្ទៃដីទំនេរមកបង្កើតជាប្រភពចំណូល និងធានាបាននូវការផ្គត់ផ្គង់បន្លែសុវត្ថិភាពសម្រាប់គ្រួសារ ក៏ដូចជាទីផ្សារផងដែរ។ ជាមួយគ្នានោះ លោកជំទាវ ក៏បានលើកទឹកចិត្តឱ្យកសិករ បន្តពង្រីកការដាំដុះបន្ថែមទៀត ដោយប្រើប្រាស់បច្ចេកទេសកសិកម្មឱ្យបានត្រឹមត្រូវ ដើម្បីបង្កើនទិន្នផល គុណភាពដំណាំសម្រាប់រក្សាសន្តិសុខស្បៀង និងអាជីវកម្មបង្កើតចំណូលក្រៅប្រព័ន្ធ សំដៅលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃឱ្យកាន់តែមានភាពប្រសើរឡើង។
បើតាមការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ប្រជាពលរដ្ឋដែលដាំដំណាំខាងលើមានចំនួន ១០២គ្រួសារ ដោយមានផ្ទៃដីដាំដុះសរុបចំនួនប្រមាណ ១៧ហិកតា ហើយក្នុងមួយថ្ងៃអាចនាំចេញដំណាំទាំងអស់នោះទៅលក់លើទីផ្សារប្រមាណ ២៥ – ៣៥តោនផងដែរ។
















