អភិបាលខេត្តព្រៃវែង អញ្ជើញកាត់វិញ្ញាសារប្រឡងបាក់ឌុប នៅមណ្ឌលវិទ្យាល័យព្រៃព្នៅ សម្រាប់ថ្ងៃទី២
ព្រៃវែង ៖ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង បានអញ្ជើញជាអធិបតីកាត់វិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០២៥-២០២៦ នៅមណ្ឌលប្រឡង វិទ្យាល័យព្រៃព្នៅ សម្រាប់ថ្ងៃទី២ ស្ថិតក្នុងស្រុកពារាំង ខេត្តព្រៃវែង។
ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើការផ្តាំផ្ញើដល់គណៈមេប្រយោគ និងអនុរក្ស តាមបន្ទប់ប្រឡងនីមួយៗត្រូវយកចិត្តទុកដាក់អនុវត្តន៍ឲ្យបាននូវគោលការណ៍ណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាបទញ្ជាផ្ទៃក្នុងនានាក្នុងការប្រឡង ដើម្បីធានាឲ្យការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ កាន់តែទទួលបានលទ្ធផលល្អ ប្រកបដោយតម្លាភាព និងគុណភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការពង្រឹង គុណភាពវិស័យអប់រំឲ្យកាន់តែរីកចម្រើន និងសូមជូនពរក្មួយៗទាំងអស់គ្នាប្រឡងជាប់បាននិទ្ទេសល្អគ្រប់ៗគ្នា។
សូមបញ្ជាក់ថា ខេត្តព្រៃវែង បានរៀបចំដំណើរការសំណេរប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ដែលប្រព្រឹត្តទៅនាថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦ មានដូចខាងក្រោម ៖
– មណ្ឌលប្រឡងសរុប មានចំនួន ១៧មណ្ឌល ស្មើនឹង ៤០២បន្ទប់ ចែកចេញជាថ្នាក់វិទ្យាសាស្ត្រ ចំនួន ៣មណ្ឌល ស្មើនឹង ៧៩បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម ចំនួន ១៤មណ្ឌល ស្មើនឹង ៣២៣បន្ទប់ (កើនឡើង ១មណ្ឌល នៅស្រុកពារាំង)
– មានបេក្ខជនប្រឡងសរុប ចំនួន ៩.៩៩១នាក់ ស្រី៥.៥៤៦នាក់ ក្នុងនោះ ក្រុង ព្រៃវែងចំនួន ០៧មណ្ឌល, ស្រុកស្វាយអន្ទរចំនួន ០៣មណ្ឌល, ស្រុកបាភ្នំចំនួន ០៣មណ្ឌល ស្រុកពាមរក៍ ចំនួន ០២មណ្ឌល និងស្រុកពារាំង ចំនួន ០២មណ្ឌល ដែលមណ្ឌល វិទ្យាល័យព្រៃព្នៅ នេះ មានបេក្ខជនសរុប ៥៣៩នាក់ ស្រី ២៩៩នាក់៕











