រដ្ឋបាលខេត្តព្រៃវែង រៀបចំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់អនុគណៈកម្មការនីមួយៗ ត្រៀមរៀបចំព្រឹត្តិការណ៍ “សង្រ្កាន្តព្រៃវែង” ឆ្នាំ២០២៦
(ព្រៃវែង) :ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង និងលោកជំទាវ ជុន បូរ៉ានី បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់អនុគណៈកម្មការនីមួយៗ ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ “សង្រ្កាន្តព្រៃវែង” ឆ្នាំ២០២៦ ដែលប្រព្រឹត្តទៅនៅសាលាខេត្តព្រៃវែង នៅថ្ងៃសុក្រទី១៦ ខែមករា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករង រដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានអនុគណៈកម្មការទាំងអស់ លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលនៃគណៈអភិបាលក្រុង នាយកទីចាត់ការ ប្រធានអង្គភាព ប្រធានផ្នែក ចំណុះសាលាខេត្ត ក្រុមការងារឌីសាញ និងក្រុមការងារពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
ក្នុងកិច្ចប្រជុំនោះផងដែរក៏មានការ ពិភាក្សា បែងចែកទៅតាមផ្នែក នៃអនុគណៈកម្មការ ទទួលបន្ទុកតាមផែននីមួយៗ ដើម្បីពង្រឹងតួនាទីភារកិច្ចរបស់ខ្លួន រៀបចំនៅ ទីកន្លែងដែលខ្លួនទទួលខុសត្រូវឱ្យបានល្អស្អាតសម្រាប់ត្រៀមទទួលស្វាគមន៍ដល់ប្រជាពលរដ្ឋ ក្មេង ចាស់ ប្រុស ស្រី អញ្ជើញចូលរួមលេងកំសាន្តនៅក្នុងព្រឹត្តិការណ៍ ”សង្ក្រាន្តព្រៃវែង” ឆ្នាំ២០២៦ ដែលនឹងចូលមកដល់នៅពេលខាងមុខនេះ។
សូមបញ្ជាក់ផងដែរថា ចំពោះការរៀបចំព្រឹត្តិការណ៍”សង្ក្រាន្តព្រៃវែង” ឆ្នាំ ២០២៦ នេះរដ្ឋបាលខេត្តបានរៀបចំធ្វើឡើងធំជាងបណ្ដា ឆ្នាំកន្លងទៅ ដើម្បីបង្កភាពសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋអញ្ជើញមកលេងកម្សាន្តនៅក្នុង ព្រឹត្តិការណ៍មួយនេះ។ក្នុងព្រឹត្តិការណ៍នេះផងដែរ ក៏មានការប្រគំតន្ត្រីខ្នាតធំ (ដោយមានតារាចម្រៀងល្បីៗនៅប្រទេសកម្ពុជាអញ្ជើញចូលរួម ) ព្រមទាំងមានល្បែងប្រជាប្រិយ, តំបន់ត្រជាក់ចិត្ត, ប្រដាល់គុនខ្មែរ, ដាក់ស្តង់តាំងពិព័រណ៍នៅផលិតផលផ្សេងៗជាច្រើនទៀតនោះផងដែរ៕









