អភិបាលខេត្តព្រៃវែង បន្តនាំអំណោយឧបនាយករដ្ឋមន្ត្រី ស សុខា ជូនគ្រួសារវីរកងទ័ពសមរភូមិជួរមុខ ដែលបានវិលត្រឡប់មកមូលដ្ឋានវិញចំនួន៣៦គ្រួសារ នៅស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង

admin By admin January 7, 2026

(ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និង លោកស្រីកែ សួនសុភី សសុខា ជូនគ្រួសារវីរកងទ័ពសមរភូមិជួរមុខ ដែលបានវិលត្រឡប់មកមូលដ្ឋានវិញចំនួន ៣៦គ្រួសារ នៅស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។

ក្នុងឱកាសនោះ លោក សួន សុម៉ាលីន បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងលោកអភិសន្តិបណ្ឌិត ស សុខា និងលោកស្រីកែ សួនសុភី ស សុខា ដែលសម្តេច និងលោក ស សុខា តែងតែគិតគូអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈដោយមិនប្រកាន់ពូជសាសន៍ ឬបក្សពួកនិយមអ្វីឡើយ។

អំណោយ ដែលបានផ្ដល់ជូនដល់ក្រុមគ្រួសារវីរកងទ័ពសមរភូមិជួរមុខ ក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម, ត្រីខ ១យួរ, មី ១កេស, ទឹកត្រី ១យួរ, ទឹកស៊ីអ៉ីវ ១យួរ និងថវិកាចំនួន ៥០ ០០០រៀលផងដែរ។

សូមបញ្ជាក់ថា ពិធីជួបសំណេះសំណាលនេះ ក៏មានការចូលរួមពីលោក អភិបាលរងខេត្ត លោក លោកស្រី នាយករងរដ្ឋបាល នាយកទីចាត់ការសាលាខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ក្រុមប្រឹក្សាស្រុក អភិបាលនៃគណៈអភិបាលស្រុក កងកម្លាំងទាំងបី នាយក នាយករងរដ្ឋបាល ប្រធានការិយាល័យជំនាញ ប្រធានការិយាល័យប្រជាពលរដ្ឋ និងមន្ត្រីចំណុះសាលាស្រុក មេឃុំ និងស្មៀនឃុំ ព្រមទាំងបងប្អូនក្រុមគ្រួសារវីរកងទ័ពសមរភូមិជួរមុខ សរុបចំនួនប្រមាណ ១២០រូប៕

Leave a Reply

Your email address will not be published. Required fields are marked *