ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដឹកនាំប្រតិភូទស្សនកិច្ច នៅអគារធនាគារ «វីង» ដែលមានលក្ខណៈទំនើប និងទាន់សម័យ របស់អ្នកឧកញ៉ា គិត ម៉េង
(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានដឹកនាំគណៈប្រតិភូ នៃក្រសួងមុខងារសាធារណៈ អញ្ជើញទស្សនកិច្ច នៅអគារធនាគារ «វីង» របស់អ្នកឧកញ៉ា គិត ម៉េង ដែលមានទីតាំងស្ថិត នៅលើមហាវិថីព្រះមុនីវង្ស រាជធានីភ្នំពេញ។ ដំណើរទស្សនកិច្ចនេះ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពីអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ វីង និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ព្រមទាំងគណៈគ្រប់គ្រងធនាគារវីង។ ការចុះទស្សនកិច្ចនេះ បានបង្ហាញពីការយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំក្រសួងមកលើវិស័យឯកជន និងការស្វែងយល់ពីវឌ្ឍនភាព នៃការផ្តល់សេវាកម្មហិរញ្ញវត្ថុ តាមប្រព័ន្ធឌីជីថល ដ៏ទំនើបរបស់ធនាគារ វីង ដើម្បីចូលរួមចំណែកជំរុញការរីកចម្រើន នៃសេដ្ឋកិច្ចរបស់កម្ពុជា។ ក្នុងឱកាសនោះ អ្នកឧកញ៉ា គិត ម៉េង ក៏សូមគោរពជូនពរ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងគណៈប្រតិភូ ឱ្យទទួលបាននូវសុខភាពល្អបរិបូរណ៍ និងជោគជ័យគ្រប់ភារកិច្ចផងដែរ។ ក្រោមការដឹកនាំដ៏ឆ្លាតវៃប៉ិនប្រសព្វ របស់អ្នកឧកញ៉ា គិត ម៉េង បានប្រែក្លាយធនាគារ វីង ជាធនាគារក្នុងស្រុកមួយ ដែលបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ជាមួយនឹងពានរង្វាន់ធនាគារ ប្រកបដោយនវានុវត្តន៍លំដាប់ពិភពលោកប្រចាំឆ្នាំ២០២៥ ពីស្ថាប័ន The Digital Banker។ ធនាគារ វីង ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន The Royal Group ដែលមានអ្នកឧកញ៉ា គិត ម៉េង ជាម្ចាស់ មានចក្ខុវិស័យក្នុងការផ្ដល់សេវាហិរញ្ញវត្ថុ ឱ្យប្រជាជនកម្ពុជាគ្រប់រូប បានងាយស្រួល និងធ្វើឱ្យជីវភាពរស់នៅប្រចាំថ្ងៃកាន់តែប្រសើរឡើង ចាប់តាំងពីឆ្នាំ២០០៨។ ក្នុងឱកាសអញ្ជើញជាអធិបតី សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារធនាគារវីងថៅវើ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏បានសម្ដែងនូវអបអរសាទរ ចំពោះការរីកចម្រើនរបស់ធនាគារវីង ហើយការរីកចម្រើននេះ បានចូលរួមសម្រួលប្រតិបត្តិការជាច្រើន ផ្នែកហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋ។ សូមជម្រាបថា អគារធនាគារ វីងថៅវើ មានកម្ពស់រហូតដល់១២០ម៉ែត្រ ជាទីស្នាក់ការកណ្តាលរបស់ធនាគារវីង ដែលនៅមិនឆ្ងាយពីអគារពាណិជ្ជកម្មសំខាន់ៗ កន្លែងស្នាក់នៅប្រណីតៗ និងតំបន់ហាងទំនិញ ដ៏ពេញនិយមជាច្រើន។ អគារធនាគារវីងថៅវើ ត្រូវបានរចនាឡើង ដោយមានការគិតគូរ ពីនិរន្តភាពនៅលើផ្ទៃអគារទាំងមូល។ ជាមួយការប្រើប្រាស់ផ្ទៃជញ្ជាំងកញ្ចក់ដ៏ទំនើប ដោយបំពាក់កញ្ចក់ពីរផ្នត់ផ្អឹបជាប់គ្នា ដែលអាចឲ្យពន្លឺធម្មជាតិ អាចជះចូលបានយ៉ាងគ្រាប់គ្រាន់ទៅក្នុងអគារ និងអាចកាត់បន្ថយកម្តៅ បានយ៉ាងល្អប្រសើរផងដែរ៕



















