ក្រសួងការងារ បន្តផ្សព្វផ្សាយឱកាសការងារនៅសល់ជាង ៨ម៉ឺនកន្លែងទៀត កំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ

admin By admin January 31, 2026

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តផ្សព្វផ្សាយឱកាសការងារជាង ៨ម៉ឺនកន្លែងទៀត ដែលនៅសល់ កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ ដោយឱកាសការងារទាំងនោះស្ថិតក្នុងវិស័យ ៣សំខាន់ៗ។ នៅយប់ថ្ងៃទី៣០ ខែមករា ក្រសួងការងារ បានផ្សព្វផ្សាយឱ្យដឹងថា ឱកាសការងារចំនួន ៨៧,៣៦១កន្លែង នៅតាមរាជធានី-ខេត្ត កំពុងរង់ចាំបងប្អូនប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ ជាពិសេសបងប្អូនអតីតពលករ ដែលវិលត្រឡប់មកកម្ពុជាវិញ។ ក្រសួងការងារ បានឱ្យដឹងបន្តថា ឱកាសការងារទាំងនោះ ស្ថិតក្នុងវិស័យសំខាន់ៗចំនួន៣ រួមមាន៖ វិស័យកសិកម្ម, ឧស្សាហកម្ម និងវិស័យសេវាកម្ម។ រាជធានី-ខេត្ត ដែលមានឱកាសការងារច្រើនជាងគេរួមមាន៖ រាជធានីភ្នំពេញ មានចំនួន ២៨,៦២៤កន្លែង, ខេត្តកំពង់ស្ពឺ មានចំនួន ២០,២៤២, ខេត្តកណ្ដាល មានចំនួន ៩,៨២១កន្លែង, ខេត្តតាកែវ មានចំនួន ៨,៦៧០កន្លែង និងខេត្តស្វាយរៀង មានចំនួន ៥,៥០៤កន្លែង។ ក្រសួងក៏បានឱ្យដឹងដែរថា គិតមកដល់ពេលនេះ មានបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃជាង ៣១ម៉ឺននាក់ហើយ បានទទួលការងារធ្វើតាមរយៈយន្ដការរបស់ក្រសួង ហើយមានបងប្អូនអតីតពលកររាប់ម៉ឺននាក់ផ្សេងទៀត បានទទួលការងារធ្វើនៅតាមការដ្ឋានសំណង់ សិប្បកម្ម និងភោជនីយដ្ឋាន ជាដើម។ ជាមួយគ្នានេះដែរ ក្រសួងការងារ ក៏បានបន្តអំពាវនាវដល់បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ ដែលមិនទាន់ទទួលបានការងារធ្វើ សូមទាក់ទងមកលេខទូរសព្ទ ១២៩៧ ដើម្បីឱ្យក្រសួងជួយសម្របសម្រួលស្វែងរកការងារជូន៕

Leave a Reply

Your email address will not be published. Required fields are marked *