សត្វស្លាបរាប់រយក្បាល វិលត្រឡប់មករស់នៅព្រៃសហគមន៍កំប្រុកយំ ខណៈអាជ្ញាធរ និងសហគមន៍រួមគ្នាអភិរក្ស ឆ្ពោះទៅកាន់គោលដៅទេសចរណ៍ធម្មជាតិដ៏មានសក្តានុពល
(ព្រៃវែង)៖ សត្វស្លាបរាប់រយក្បាលបានហោះហើរមកប្រមូលផ្តុំរស់នៅក្នុងតំបន់ព្រៃសហគមន៍កំប្រុកយំ ស្ថិតនៅភូមិតាំងស្នាយ ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង ដែលបានបង្កើតទិដ្ឋភាពធម្មជាតិដ៏ស្រស់ត្រកាល និងក្លាយជាសញ្ញាវិជ្ជមានមួយ បង្ហាញពីប្រសិទ្ធភាពនៃការអភិរក្សធនធានធម្មជាតិ និងការចូលរួមយ៉ាងសកម្មរបស់អាជ្ញាធរ ព្រះសង្ឃ និងប្រជាសហគមន៍ក្នុងការថែរក្សាបរិស្ថាន។
ព្រៃសហគមន៍កំប្រុកយំ មានចម្ងាយប្រមាណ ៥៧គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ ដោយធ្វើដំណើរតាមផ្លូវជាតិលេខ 8A រហូតដល់ផ្លូវបែកជាបួនផ្សារស្នាយពល បត់ឆ្វេងប្រមាណ ៥គីឡូម៉ែត្រ នឹងទៅដល់តំបន់ព្រៃសហគមន៍ ដែលមានផ្ទៃដីប្រមាណ ១២ហិកតា។ បច្ចុប្បន្ន តំបន់នេះកំពុងក្លាយជាជម្រកដ៏មានសុវត្ថិភាពសម្រាប់សត្វស្លាបជាច្រើនប្រភេទ និងមានសក្តានុពលអភិវឌ្ឍទៅជាតំបន់ទេសចរណ៍បែបអេកូទេសចរណ៍ដ៏ទាក់ទាញមួយរបស់ខេត្តព្រៃវែង។
ប្រជាពលរដ្ឋក្នុងភូមិតាំងស្នាយបានសម្តែងនូវក្តីរីករាយ និងមោទនភាពយ៉ាងខ្លាំង ខណៈដែលឃើញសត្វស្លាបជាច្រើនវិលត្រឡប់មករស់នៅក្នុងព្រៃសហគមន៍នេះវិញ។ ពួកគាត់បានលើកឡើងថា៖
««ពីមុនយើងមិនធ្លាប់ឃើញសត្វស្លាបមករស់នៅច្រើនដូចសព្វថ្ងៃនេះទេ។ រៀងរាល់ព្រឹក និងពេលល្ងាច សំឡេងសត្វស្លាប និងទិដ្ឋភាពហោះហើរចុះឡើងពេញព្រៃ បានធ្វើឱ្យអ្នកភូមិមានក្តីសុខ និងមានមោទនភាពចំពោះធនធានធម្មជាតិរបស់ខ្លួន។ យើងនឹងរួមគ្នាការពារព្រៃនេះ មិនឱ្យមានការបរបាញ់ ការដាក់អន្ទាក់ ឬការបំផ្លាញព្រៃឈើឡើយ ដើម្បីឱ្យសត្វស្លាបទាំងនេះមានទីជម្រកប្រកបដោយសុវត្ថិភាព និងអាចបន្តពូជបានយូរអង្វែង។»»
លោក នេត នឿន មេឃុំរកា បានមានប្រសាសន៍ថា ព្រៃសហគមន៍កំប្រុកយំ ធ្លាប់មានសត្វស្លាបមករស់នៅកាលពីអតីតកាលដែរ ប៉ុន្តែមិនមានចំនួនច្រើនដូចពេលបច្ចុប្បន្នឡើយ។ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ចំនួនសត្វស្លាបបានកើនឡើងប្រមាណបីដង ដែលជាសញ្ញាបង្ហាញថា បរិស្ថានក្នុងតំបន់មានគុណភាពល្អ និងសមស្របសម្រាប់ការរស់នៅរបស់សត្វព្រៃ។
លោកបានបន្តថា៖
««ការវិលត្រឡប់របស់សត្វស្លាប មិនមែនជារឿងចៃដន្យនោះទេ ប៉ុន្តែជាផ្លែផ្កានៃការរួមគ្នាអភិរក្សពីសំណាក់ព្រះសង្ឃ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងមូល។ យើងនឹងបន្តពង្រឹងការអប់រំ និងផ្សព្វផ្សាយអំពីការអភិរក្សធនធានធម្មជាតិ ដើម្បីរក្សាព្រៃសហគមន៍នេះឱ្យនៅគង់វង្ស និងអភិវឌ្ឍវាឱ្យក្លាយជាតំបន់ទេសចរណ៍ធម្មជាតិដ៏លេចធ្លោរបស់ខេត្តព្រៃវែង។»»
ដោយឡែក លោក ស៊ិន សុងហេង អភិបាលរងស្រុកពារាំង បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់បន្តរួមគ្នាថែរក្សា និងអភិរក្សព្រៃសហគមន៍កំប្រុកយំ ដោយចាត់ទុកថា នេះជាសម្បត្តិធម្មជាតិដ៏មានតម្លៃ ដែលត្រូវរក្សាទុកសម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និងអនាគត។
លោកបានមានប្រសាសន៍ថា៖
««ការអភិរក្សធម្មជាតិ គឺជាកាតព្វកិច្ចរួមរបស់យើងទាំងអស់គ្នា។ ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមកុំបរបាញ់សត្វ កុំដាក់អន្ទាក់ កុំកាប់បំផ្លាញព្រៃឈើ និងកុំដុតព្រៃដោយខ្វះការទទួលខុសត្រូវ។ សូមរួមគ្នាថែរក្សាតំបន់នេះឱ្យនៅបៃតង សម្បូរទៅដោយជីវចម្រុះ និងអភិវឌ្ឍឱ្យក្លាយជាតំបន់ទេសចរណ៍ធម្មជាតិ ដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងបង្កើនចំណូល និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍។»»
លោកអភិបាលរងស្រុក បានបន្ថែមថា អាជ្ញាធរស្រុកនឹងបន្តសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសផ្លូវធ្វើដំណើរ និងបរិស្ថានជុំវិញតំបន់នេះ ឱ្យកាន់តែមានភាពស្អាត និងងាយស្រួលទទួលភ្ញៀវទេសចរ ស្របតាមទិសដៅអភិវឌ្ឍទេសចរណ៍ធម្មជាតិប្រកបដោយចីរភាព។
ការវិលត្រឡប់របស់សត្វស្លាបរាប់រយក្បាលមកកាន់ព្រៃសហគមន៍កំប្រុកយំ មិនត្រឹមតែជាសញ្ញាបង្ហាញពីប្រព័ន្ធអេកូឡូស៊ីដ៏រឹងមាំ និងបរិស្ថានធម្មជាតិដ៏សម្បូរបែបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្តីសង្ឃឹមថ្មីសម្រាប់ការអភិវឌ្ឍវិស័យអេកូទេសចរណ៍នៅខេត្តព្រៃវែង។ ជាមួយនឹងការចូលរួមយ៉ាងសកម្មពីអាជ្ញាធរ និងប្រជាសហគមន៍ តំបន់ព្រៃសហគមន៍កំប្រុកយំ ត្រូវបានរំពឹងថានឹងក្លាយជាគោលដៅទេសចរណ៍ធម្មជាតិដ៏ទាក់ទាញ និងជាមរតកបៃតងដ៏មានតម្លៃសម្រាប់កូនចៅជំនាន់ក្រោយ៕





