ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំរត់ចម្ងាយ ៥គីឡូម៉ែត្រ អបអរសាទរខួបលើកទី៤៧ នៃទិវាជ័យជម្នះ ៧មករា

admin By admin January 5, 2026

​(ព្រៃវែង)៖ ក្នុងបរិយាកាសដ៏សប្បាយរីករាយ និងពោរពេញដោយស្មារតីសាមគ្គីជាតិ នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ នេះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងយុវជន រត់ចម្ងាយ ៥គីឡូម៉ែត្រ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៧ នៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩ – ៧ មករា ២០២៦) ដែលធ្វើនៅក្នុងខេត្តព្រៃវែង។
​មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា មានប្រសាសន៍ថា ព្រឹត្តិការណ៍កីឡាដើម្បីសុខភាព និងសន្តិភាពនេះ មិនត្រឹមតែជាការហាត់ប្រាណដើម្បីសុខមាលភាពប៉ុណ្ណោះទេ ប៉ុន្តែគឺជាការរំលឹកនូវស្មារតីចងចាំមិនអាចបំភ្លេចបាន នូវគុណូបការៈដ៏ថ្លៃថ្លារបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលបានរំដោះប្រទេសជាតិឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ 

ឯកឧត្ដមអភិសន្តិបណ្ឌិត មានប្រសាសន៍បន្តថាសន្តិភាព និងការអភិវឌ្ឍ បានធ្វើឲ្យប្រជាពលរដ្ឋអាចជួបជុំគ្នា រត់កម្សាន្ត និងធ្វើសកម្មភាពនានាដោយគ្មានការភ័យខ្លាច គឺជាសក្ខីភាពនៃ “ផ្លែផ្កានៃសន្តិភាព” ដែលបានមកពីថ្ងៃជ័យជម្នះ ៧ មករា។ 

ឯកឧត្ដម អភិសន្តិបណ្ឌិត សូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ រដ្ឋបាលខេត្តព្រៃវែង និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលបានសហការគ្នាបង្កើតកម្មវិធី ដ៏មានសារសំខាន់នេះឡើង ដែលយើងអាចមកជួបជុំគ្នា ដើម្បីអបអរថ្ងៃ ជ័យជំនះ ៧មករាខួបលើកទី៤៧៕

Leave a Reply

Your email address will not be published. Required fields are marked *