រដ្ឋបាលខេត្តព្រៃវែង បើកកិច្ចប្រជុំសាមញ្ញលើកទី២៥ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ដើម្បីពិនិត្យ និងអនុម័តលើរបៀបវារៈសំខាន់ៗ
ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ នេះ រដ្ឋបាលខេត្តព្រៃវែង បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ហុី ធួក អភិបាលរងនៃគណៈអភិបាលខេត្ត ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំ «C» នៃសាលាខេត្តព្រៃវែង។
កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត
តំណាងឯកឧត្តមប្រធានសាលាដំបូងខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត
មេបញ្ជាការកងកម្លាំងទាំងបីប្រភេទ ប្រធានពន្ធនាគារខេត្ត
ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត នាយកទីចាត់ការ ប្រធានអង្គភាព ប្រធានផ្នែកចំណុះរដ្ឋបាលខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៥នេះ អង្គប្រជុំបានផ្តោតលើការពិនិត្យ ពិភាក្សា និងអនុម័ត លើរបៀបវារៈសំខាន់ៗចំនួន ៥ រួមមាន៖ ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត។
ពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្តីព្រាងរបាយការណ៍ប្រចាំខែឧសភា ឆ្នាំ២០២៦ និងទិសដៅការងារខែបន្ទាប់របស់រដ្ឋបាលខេត្តព្រៃវែង។ ពិនិត្យ និងអនុម័ត លើសេចក្តីព្រាង សេចក្តីសម្រេចស្តីពី ប្រតិទិននៃកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រៃវែង អាណត្តិទី៤ ឆ្នាំទី៣។ ស្តាប់សេចក្តីរាយការណ៍ របស់ការិយាល័យប្រជាពលរដ្ឋ និងគណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត រួមមាន ការិយាល័យប្រជាពលរដ្ឋ និងគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត។ពិភាក្សាលើបញ្ហាផ្សេងៗផងដែរ។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅដោយរលូន ព្រមទាំងមានការចូលរួមមតិយោបល់យ៉ាងផុសផុលពីសមាជិកអង្គប្រជុំទាំងមូល ដើម្បីរួមចំណែកជម្រុញការអភិវឌ្ឍ និងលើកកម្ពស់ប្រសិទ្ធភាពការងារផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅក្នុងខេត្តព្រៃវែងឱ្យកាន់តែប្រសើរឡើងថែមទៀត៕







