គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ បាក់រលំផ្ទះចំនួន ៧១គ្រួសារ និងរបួសស្រាល ២នាក់ នៅក្នុងស្រុកកំពង់ត្របែក ទទូលបាអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង

admin By admin June 2, 2026

ខេត្តព្រៃវែង៖ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត បានដឹកនាំគណៈកម្មាធិការសាខាខេត្ត ក្រុមប្រតិបត្តិសាខា ក្រុមការងារអនុសាខាស្រុក បុគ្គលិកកិច្ចសន្យា អ្នកស្ម័គ្រចិត្ត ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា និងមន្ទីរ អង្គភាព ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់បាក់រលំផ្ទះ ចំនួន ៧១គ្រួសារ នៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង ស្ថិតក្នុងឃុំចំនួន ៥ ស្មើនឹង ១៩ភូមិ ប្រភេទ រងគ្រោះធ្ងន់ធ្ងរ ១៤ គ្រួសារ ប្រភេទ រងគ្រោះមធ្យម ៥៧គ្រួសារ និងរបួសស្រាល ២នាក់។

ថ្លែងនាឱកាសនោះ ឯកឧត្តម សួន សុម៉ាលីន បាននាំមកនូវសេចក្តីនឹករលឹកពីសំណាក់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសាខាខេត្ត ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តាំផ្ញើសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋ ដោយក្តីអាណិតអាសូរ និងសោកស្តាយជាទីបំផុត ចំពោះឧប្បទ្ទវហេតុគ្រោះធម្មជាតិ ដែលបានបំផ្លាញនៅទ្រព្យសម្បត្តិរបស់បងប្អូនដែលរងគ្រោះដោយសារខ្យល់កន្រ្តាក់បាក់រលំផ្ទះនាពេលនេះ ព្រមទាំងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នចំពោះ ផ្គរ រន្ទះ នៅពេលមានភ្លៀងត្រូវបិទទូរទស្សន៍ បិទទូរស័ព្ទ និងស្វែងរកកន្លែងដែលមានសុវត្ថិភាព។

ឯកឧត្តម បានបន្តទៀតថា៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចតែងតែយលចិត្តទុក្ខដាក់គិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ គ្រប់ពេលវេលា គ្រប់កាលៈទេសៈ ដោយមិនប្រកាន់និន្នាការនយោបាយបក្សពួកនិយមណាមួយនោះទេ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា កាកបាទក្រហមកម្ពុជា-សម្រាប់យើងគ្រប់ៗគ្នា។

ក្នុងឱកាសនោះ ក្រុមប្រតិបត្តិសាខា អ្នកស្ម័គ្រចិត្តភូមិ និងយុវជនកាកបាទក្រហមកម្ពុជា បានបញ្រ្ជាបការអប់រំផ្សព្វផ្សាយអំពីអនាម័យទឹកស្អាតក្នុងគ្រាអាសន្ន វិជ្ជាសង្គ្រោះបឋម វិធានការបង្ការការឆ្លងរាលដាលនៃជំងឺគ្រុនឈាម សុវត្ថិភាពចរាចរណ៍ គោលការណ៍គ្រឹះចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ការប្រែប្រួលអាកាសធាតុ និងបរិស្ថាន ផ្តោតលើការកាត់ការប្រើប្រាស់ថង់ប្លាស្ទិក សរុបអ្នកចូលរួមចំនួន ១៣៧នាក់ ស្រី ៨៦នាក់។

អំណោយដែលបានផ្តល់ជូនរួមមាន៖
-គ្រួសារ រងគ្រោះធ្ងន់ធ្ងរ ប្រភេទ (ក)ចំនួន ១៤គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន៖ អង្ករ ២៥ គីឡូក្រាម, តង់ ១, មី ១ កេស, ត្រី ខ ១ យូរ, ឃីត ១ កញ្ចប់ (មុង ភួយ សារុង ក្រមា) និងថវិកាចំនួន ១០០,០០០ រៀល
-គ្រួសារ រងគ្រោះមធ្យម ប្រភេទ (ខ) ចំនួន ៥៧គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន៖ អង្ករ ២៥ គីឡូក្រាម, មី ១ កេស, ត្រី ខ ១ យូរ, ឃីត ១ កញ្ចប់ (មុង ភួយ សារុង ក្រមា) និងថវិកាចំនួន ៥០,០០០ រៀល
-អ្នករបួសស្រាល ចំនួន ២នាក់ ក្នុង ១នាក់ ទទួលបានថវិកាចំនួន ២០០,០០០ រៀល។

ក្នុងនោះដែរ ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត និងលោកជំទាវ បានឧបត្ថម្ភនូវថវិកាផ្ទាល់ខ្លួនបន្ថែមដល់ប្រជាពលរដ្ឋដែលរងគ្រោះធ្ងន់ធ្ងរក្នុងមួយគ្រួសារចំនួន ១០ ម៉ឺនរៀល និងគ្រួសាររងគ្រោះមធ្យមក្នុងមួយគ្រួសារចំនួន ៥ ម៉ឺនរៀលបន្ថែមទៀតផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *