Breaking៖ ទាំងអាជីវករនិងមន្ត្រីអះអាងដូចគ្នាថា ពេទ្យសត្វខេត្តកណ្ដាល បានកំណត់យកលុយប្រចាំខែ ពីអ្នកលក់សាច់ជ្រូក.សាច់គោក្នុង១ជ្រញ់ៗចាប់ពី៧ម៉ឺនរៀលទៅ១០ម៉ឺនរៀលក្នុង១ខែ!

admin By admin April 27, 2026

(កណ្តាល)៖ លោក ស្រ៊ុន លាងហួរ ប្រធានការិយាល័យកសិកម្មស្រុកខ្សាច់កណ្ដាល បានថ្លែងទទួលស្គាល់ថា មន្ត្រីពេទ្យសត្វខេត្តកណ្ដាល ពិតជាបានប្រមូលលុយ ពីអាជីវករអ្នកលក់សាច់ជ្រូក.សាច់គោ.តាមផ្សារ និងតាមភូមិ.ក្នុងស្រុកខ្សាច់កណ្ដាល ដោយ១ខែៗចាប់ពី៧០.០០០រៀលទៅ១០០.០០០រៀល ក្នុង១ជ្រញ់ប្រាកដមែន..!!។
លោក ស្រ៊ុន លាងហួរ បន្តថា ការប្រមូលលុយរាល់ខែ ពីអ្នកលក់សាច់ជ្រូក.សាច់គោបែបនេះ គឺមានរយៈពេលជាង២០ឆ្នាំមកហើយ!។

បើតាមលោក ស្រ៊ុន លាងហួរ ការកំណត់យកលុយពីអាជីវករដូចចំនួនខាងលើ ពីសំណាក់មន្ត្រីពេទ្យសត្វ អាចជាការបង់ពន្ធចូលរដ្ឋ.!គ្រាន់តែមន្ត្រីពេទ្យសត្វ យកលុយពីគេរាល់ខែ ដោយមិនចេញវិក្កយបត្រនិងបង្កាន់ដៃបង់ពន្ធប៉ុណ្ណោះ..!!។

*ចំពោះសំណួរថា តើការបង់ពន្ធថ្លៃ”ឡសត្តឃាត”ដោយជ្រូក១ក្បាល៥.០០០រៀលនោះយ៉ាងម៉េចវិញ..?។
*លោក ស្រ៊ុន លាងហួរ បានឆ្លើយថា ការបង់ថ្លៃកុងស៊ី”ឡសត្តឃាត”ផ្សេងទៀតដាច់ដោយឡែកពីគ្នា.!។

លោក ស្រ៊ុន លាងហួរ បញ្ជាក់ថា ខ្ញុំពុំបានប្រមូលលុយខែ ពីអាជីវករនោះទេ ហើយអ្នកដែលប្រមូលជាក់ស្ដែង!។
គឺខាងការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល.!។

*ករណីនេះមេពេទ្យសត្វ ខេត្តកណ្ដាល

កំពុងចង់ស្គាល់ឈ្មោះ ថាតើអាជីវករម្នាក់ណា ដែលនិយាយរឿងបង់លុយឱ្យពេទ្យសត្វ..!។

*ជាក់ស្ដែង អាជីវករអ្នកលក់សាច់ជ្រូក ក្នុងផ្សារព្រែកតាមាក់.ផ្សារវិហារសួគ៌ នៃស្រុកខ្សាច់កណ្ដាល បានអះអាងថា ខ្លួនលក់រាល់ថ្ងៃសឹងតែរកប្រាក់ចំណេញលែងបានហើយ ព្រោះត្រូវចំណាយច្រើនពេកសព្វបែបយ៉ាងតែម្ដង..!។
ក្នុងនោះកាប់ជ្រូក១ក្បាល បង់ឱ្យ”ឡសត្តឃាត”(កុងស៊ី)ចំនួន៥.០០០រៀលជាកំហិត.បង់ថ្លៃភាស៊ីប្រចាំថ្ងៃថែមទៀត.!។
បង់ឱ្យពេទ្យសត្វ ថ្លៃបន្តអាជ្ញាប័ណ្ណ លក់សាច់ជ្រូកក្នុង១ជ្រញ់ៗ ចាប់ពី១.០០០.០០០រៀល ទៅ១.៣០០.០០០រៀលក្នុង១ឆ្នាំម្ដងយ៉ាងទៀងទាត់..!។

បន្ទុកកាន់តែធ្ងន់ជាងនេះទៀត គឺមន្ត្រីពេទ្យសត្វ បានកំណត់ឱ្យពួកខ្លួន ដែលជាអ្នកលក់សាច់ជ្រូក បង់លុយចូលហោប៉ាវ ក្នុង១ខែចាប់ពី៧០.០០០រៀលទៅ១០០.០០០រៀលជាកំហិត! ដោយការបង់លុយទាំងនេះ យូរឆ្នាំមកហើយរហូតក្លាយជាទម្លាប់ ដែលមិនអាចកែប្រែបាន..!។

អ្នកលក់សាច់ជ្រូកបន្តថា អាជីវករផ្សេងៗទៀត ក៏មានវាសនាមិនខុសពីខ្លួនដែរ ដោយត្រូវបង់លុយ ឱ្យពេទ្យសត្វប្រចាំខែ និងបង់ថ្លៃបន្តអាជ្ញាប័ណ្ណ១ឆ្នាំជាង១.០០០.០០០រៀល..!។

*រីឯអាជីវករអ្នកលក់សាច់គោ ក៏បានលើកឡើងស្រដៀងគ្នាដែរថា ខ្លួនលក់រាល់ថ្ងៃ គឺត្រូវបង់លុយឱ្យពេទ្យសត្វក្នុង១ខែ ចំនួន១០០.០០០រៀលជាកំហិត!។
ចំពោះការបន្តអាជ្ញាប័ណ្ណ លក់សាច់គោគឺ១ឆ្នាំ បង់អស់ចាប់ពី៣០០ដុល្លារ ទៅ៤០០ដុល្លារឯណោះ!។
ពោលគឺ អ្នកលក់សាច់គោដទៃទៀត នៅផ្សារ ក៏ត្រូវបង់លុយឱ្យពេទ្យសត្វខេត្តកណ្ដាល ដូចតែគ្នាហ្នឹង.!!។

អ្នកលក់សាច់គោ បន្តទៀតថា ការបង់លុយដូចចំនួនខាងលើ គឺសម្រាប់អាជីវករចាស់ៗ ដែលលក់ដូរក្នុងផ្សាររាប់ឆ្នាំមកហើយ។
ដោយឡែក សម្រាប់អ្នកសុំច្បាប់អាជីវកម្មលក់សាច់ជ្រូក.សាច់គោថ្មីវិញ គឺបង់អស់ចាប់ពី៥០០ដុល្លារ ទៅ៧០០ដុល្លារឯណោះក្នុង១ជ្រញ់..!!។

ជាមួយគ្នានេះ ពលរដ្ឋអ្នកកាប់ជ្រូកលក់បន្តិចបន្តួចតាមភូមិ ក៏បានអះអាងដែរថា ខ្លួនពិតជាបានបង់លុយឱ្យពេទ្យសត្វក្នុង១ឆ្នាំចំនួន៣៥០.០០០រៀលប្រាកដមែន! ខណៈការបន្តអាជ្ញាប័ណ្ណនិងថ្លៃ”ឡសត្តឃាត”គេគិតផ្សេងទៀត..!។

*ដើម្បីឱ្យមានចម្លើយទាំងសងខាង នៅថ្ងៃទី២៦.០៤.២០២៦”ដើមរាំង”បានព្យាយាមសុំការបំភ្លឺពីលោក ហេង ផាត មន្ត្រីពេទ្យសត្វខេត្តកណ្តាល ទទួលបន្ទុកស្រុកខ្សាច់កណ្ដាល ប៉ុន្តែទូរស័ព្ទរបស់លោក មិនអាចទាក់ទងបាន.!។

*លោក ស្រ៊ុន លាងហួរ ប្រធានការិយាល័យកសិកម្មស្រុកខ្សាច់កណ្ដាល គឺបានថ្លែងដូចខាងលើ.!។

*រីឯលោក អ៊ុច សុវណ្ណ ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរ កសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តកណ្ដាល

បានថ្លែងនិងចោទជាសំណួរបកមកកាន់”ដើមរាំង”វិញថា.តើលោកបានតួរលេខនៃការបង់លុយទាំងហ្នឹង ពីណាមក.តើអាជីវករម្នាក់ណា ដែលនិយាយ…!!។

*ចំពោះសំណួរថា តើលោកបានដឹងឬទេចំពោះការបង់លុយប្រចាំខែ..?។
*លោក អ៊ុច សុវណ្ណ បានឆ្លើយថា ចាំមើលខ្ញុំហៅ អាជីវករនិងមន្ត្រីខ្ញុំ មកជួបមុខគ្នាផ្ទាល់នៅកន្លែង តើអ្នកបង់លុយនិងអ្នកទទួលលុយនុងពិតទេ!.ហើយបើពិតមែន ហេតុអ្វីបានយកលុយ.?!!។

*ចំណែកលោក លឹម ងួនគ្រុយ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តកណ្តាលស្ដីទី

បានថ្លែងថា ខ្ញុំពុំបានដឹងទេចំពោះការបង់លុយទាំងនុង.!។
ចំពោះការបន្តអាជ្ញាប័ណ្ណ លក់សាច់ជ្រូកសាច់គោ ក្នុង១ឆ្នាំម្ដង លោក លឹម ងួនគ្រុយ អះអាងថា ពុំមានការបង់ប្រាក់ច្រើនបែបនេះឡើយ…!!។

លោក លឹម ងួនគ្រុយ បន្តថា ការយកលុយខែដូចចំនួនខាងលើ សង្ស័យថៅកែផ្សារឬម្ចាស់ភាស៊ីផ្សារ ជាអ្នកយក.ពុំមែនជាពេទ្យសត្វនោះឡើយ.!។

*លុះ”ដើមរាំង”ប្រាប់ថា ប្រធានការិយាល័យកសិកម្មស្រុកខ្សាច់កណ្ដាល ជាអ្នកនិយាយដោយផ្ទាល់រឿងបង់ខែឱ្យពេទ្យសត្វ..!។
*ស្រាប់តែលោក លឹម ងួនគ្រុយ ឆ្លើយថា ចាំមើលខ្ញុំសួរមន្ត្រីខ្ញុំ ឱ្យច្បាស់សិនអញ្ចឹង.!!។

*ចំពោះលោក ឌឹម បូរ៉ា អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តកណ្ដាល

មិនអាចសុំការអត្ថាធិប្បាយបានទេ ដោយទូរស័ព្ទចូលហើយ គ្មានអ្នកទទួល.!។

*ក្នុងរឿងនេះ អាជីវករនិងមជ្ឈដ្ឋានខាងក្រៅសុំស្នើយ៉ាងទទូចដល់ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

ជាពិសេសសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មេត្តាចាត់វិធានការវះកាត់ ចំពោះមន្ត្រីខិលខូចដែលបន្លំនិងសំងំប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរ ដោយគាបសង្កត់កំណត់យកលុយប្រចាំខែ ពីអ្នកលក់សាច់ជ្រូកសាច់គោ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល កុំឱ្យមានការយោគយល់ឱ្យសោះ! ដើម្បីអនុវត្តឱ្យបាននូវកំណែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧៕

Leave a Reply

Your email address will not be published. Required fields are marked *