ភរិយាអភិបាលខេត្តព្រៃវែង រួមមន្ត្រីរាជការ បន្តលីងអំបុកផ្ញើជូនដល់វីរកងទ័ពជួរមុខ និងជនភៀសសឹក
(ព្រៃវែង)៖ ស្របជាមួយពាក្យស្លោករបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា «ទទួលទានអំបុកស្រូវថ្មី វាយសត្រូវឈ្លានពាន» លោកស្រី ជុន បូរ៉ានី ភរិយារបស់ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងលោកស្រីអភិបាលរងខេត្ត រួមជាមួយមន្ត្រីនៃស្នងការនគរបាលខេត្ត និងអធិការក្រុង ព្រមទាំងក្រុមការងារ បានបន្តចូលរួមលីងអំបុក ដើម្បីផ្ញើជូនដល់វីរកងទ័ពជួរមុខកម្ពុជា ដែលកំពុងឈរជើងការពារទឹកដីពីការឈ្លានពានរបស់ថៃ និងជនភៀសសឹកដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាព។
មន្ត្រីរាជការនៅខេត្តព្រៃវែងបានសម្តែងការជឿជាក់លើប្រមុខរាជរដ្ឋាភិបាល និងវីរកងទ័ពរបស់កម្ពុជា ដែលមានភាពអង់អាចក្លាហានតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញជាមួយសត្រូវឈ្លានពាន។
ទន្ទឹមគ្នានេះមន្ត្រីរាជការនិងប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំទាំងអស់ដែលតែងតែនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា និងសូមជូនពរដល់បងប្អូនវីរកងទ័ពយើងទាំងអស់គ្នាសូមឲ្យជួបតែសេចក្តីសុខ និងឈ្នះអស់មារសត្រូវគ្រប់សមរភូមិ៕




