អភិបាលខេត្តព្រៃវែង អញ្ជើញបើកការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្ត ឆ្នាំ២០២៥-២០២៦ ដើម្បីពង្រឹងសមត្ថភាព និងសុខភាពយុវជន
ពិធីនេះមានការចូលរួមពីសំណាក់លោក លោកស្រី អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្សជាកីឡាករ កីឡាការិនីយ៉ាងច្រើនកុះករ។
លោក ប៉ាវ សុធីរ ប្រធានមន្ទីរអបរំ យុវជន និងកីឡាខេត្តព្រៃវែង បានឲ្យដឹងថា ការប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៥-២០២៦ ដោយមានការប្រកួត ប្រភេទកីឡាបាល់ទាត់បុរស-នារី បាល់ទះ បុរស-នារី និង ប៉េតង់បុរស-នារី មាន ១១៣ក្រុម មានកីឡាករ និងកីឡាការិនីសរុបចំនួន ១០៧៦ នាក់ ដោយកីឡាការិនីចំនួន៤៦៤នាក់។
ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានកោតសរសើរចំពោះមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដែលបានរៀបចំព្រឹត្តិការណ៍នេះឡើង ដើម្បីផ្តល់ឱកាសឱ្យសិស្សានុសិស្សបានបង្ហាញសមត្ថភាព និងទេពកោសល្យតាមរយៈការ លេងកីឡា។
លោកបានបញ្ជាក់ថា ការលេងកីឡាមិនត្រឹមតែនាំមកនូវសុខភាពល្អ និងមិត្តភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យយុវជនជៀសឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗនៅក្នុងសង្គមផងដែរ។
លោម សួន សុម៉ាលីន បានផ្តាំផ្ញើក្មួយៗកីឡាករទាំងអស់ ត្រូវប្រកួតដោយឈរលើស្មារតីយោគយល់ អធ្យាស្រ័យ និងគោរពតាមបទបញ្ជានៃការប្រកួតឱ្យបានខ្ជាប់ខ្ជួន ដើម្បីលើកកម្ពស់សីលធម៌កីឡា «ឈ្នះដោយមោទនភាព និងចាញ់ដោយអស់ចិត្ត»។
ទន្ទឹមនឹងនេះ គណៈកម្មការមេប្រយោគ និងអាជ្ញាកណ្តាល ត្រូវកាត់សេចក្តីដោយភាពយុត្តិធម៌ និងត្រឹមត្រូវបំផុត ដើម្បីជ្រើសរើសបានជើងឯកពិតប្រាកដ សម្រាប់តំណាងខេត្តទៅប្រកួតក្នុងកម្រិតថ្នាក់ជាតិបន្តទៀត។
ជាមួយគ្នានេះ លោកអភិបាលខេត្ត បានប្រកាសបើកការប្រកួតជាផ្លូវការ និងជូនពរដល់ប្រតិភូកីឡាទាំងអស់ ឱ្យទទួលបានជោគជ័យក្នុងការប្រកួត និងមានសុខភាពល្អបរិបូរណ៍៕













