រដ្ឋបាលខេត្តព្រៃវែង ដឹកនាំកិច្ចប្រជុំពិភាក្សាដោះស្រាយរឿងវិវាទពាក់ព័ន្ធផ្សារពោធិ៍កន្លែង នៅស្រុកមេសាង
(ព្រៃវែង)៖ លោក ហ៊ី ធួក អភិបាលរងខេត្តព្រៃវែង តំណាងលោក សួន សុម៉ាលីន អភិបាលខេត្តនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ បានរៀបចំកិច្ចប្រជុំពិភាក្សាដោះស្រាយករណីវិវាទ និងបញ្ហានានាដែលពាក់ព័ន្ធនឹងផ្សារពោធិ៍កន្លែង ស្ថិតក្នុងភូមិវាំង ឃុំជីផុច ស្រុកមេសាង។
ក្នុងកិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនៅសាលាស្រុកមេសាង ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ អាជ្ញាធរស្រុកមេសាង មន្ត្រីជំនាញ និងតំណាងភាគីពាក់ព័ន្ធ ដើម្បីពិភាក្សាស្វែងរកដំណោះស្រាយសមស្របមួយ ដែលផ្តល់ផលប្រយោជន៍ដល់គ្រប់ភាគី ជាពិសេសម្ចាស់វិនិយោគភាស៊ីផ្សារ។
ក្នុងឱកាសនោះលោកស្រី មេន ស្រីមុំ ដែលជាម្ចាស់វិនិយោគភាស៊ីផ្សារពោធិ៍កន្លែង បានលើកឡើងនូវចំណុចសំខាន់ៗមួយចំនួនជូនដល់គណៈកម្មការក៏ដូចជាអង្គប្រជុំដើម្បីធ្វើការដោះស្រាយជូនគាត់ទៅតាមសំណូមពររបស់គាត់។ ក្នុងនោះអង្គប្រជុំ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ ក៏បានធ្វើការបង្ហាញក៏ដូចជាដោះស្រាយរាល់បញ្ហាសំណូមពរបស់ លោកស្រី មេន ស្រីមុំ ដែលជាម្ចាស់វិនិយោគផ្សារពោធិ៍កន្លែង ក៏ដូចជាពន្យល់ណែនាំអំពីនីតិវិធីផ្សេងៗ ដែលធ្វើឡើងក្នុងន័យប្រយោជន៍រួម និងឲ្យទទួលយកបានទាំងអស់គ្នា។
ជាមួយគ្នានោះលោក ហ៊ី ធួក បានបញ្ជាក់ក្នុងកិច្ចប្រជុំថា រដ្ឋបាលខេត្ត តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ។ កិច្ចប្រជុំនាពេលនេះ គឺជាការបើកវេទិកាពិភាក្សាដោយតម្លាភាព ដើម្បីបញ្ចប់ភាពមិនច្បាស់លាស់ និងធានាឱ្យបាននូវសណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាការអភិវឌ្ឍផ្សារឱ្យកាន់តែប្រសើរឡើង។
លោក ហ៊ី ធួក បានបញ្ជាក់បន្ថែមនៅចំណុចសំខាន់ៗចំនួន សម្រាប់យកទៅអនុវត្តរួមមាន៖
*ទី១៖ គ្មានបុគ្គលណាមួយមកទទួលខុសត្រូវលើកិច្ចការទារភាស៊ីពីអ្នកលក់ដូរក្នុងផ្សារក្រៅពីអ្នកវិនិយោគឡើយ។ ប្រសិនមានការរំលោភលើករណីខាងលើនេះ ដូចការលើកឡើងរបស់លោកស្រី មេន ស្រីមុំ ស្នើអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធមានវិធានការទប់ស្កាត់ជាបន្ទាន់។
*ទី២៖ អ្នកវិនិយោគត្រូវអនុវត្តប្រមូលភាស៊ីឱ្យបានត្រឹមត្រូវតាមកិច្ចសន្យា និងសៀវភៅបន្ទុក។ ករណីមិនអនុវត្តតាមកិច្ចសន្យា និងសៀវភៅបន្ទុកនឹងទទួលរងការពិន័យ។
*ទី៣៖ អ្នកប្រមូលភាស៊ីផ្សារពោធិកន្លែង ត្រូវសហការឱ្យបានល្អប្រសើរជាមួយអាជ្ញាធរមូលដ្ឋាន ជៀសវាងមានការចុះផ្សាយព័ត៌មានដែលនាំឱ្យកើតមានបញ្ហាបន្តទៀត។
*ទី៤៖ អាជ្ញាធរឃុំ ស្រុក និងសមត្ថកិច្ចពាក់ព័ន្ធ សហការរៀបចំសណ្ដាប់ធ្នាប់ផ្សារ និងនៅតាមដងផ្លូវ ដោយឱ្យពួកគាត់ទៅលក់ដូរក្នុងផ្សារពោធិកន្លែងវិញ។
ក្រោយពីកិច្ចប្រជុំពិភាក្សាយល់ព្រមតាមសំណើសំណូមពររបស់ម្ចាស់វិនិយោគផ្សារ ក៏ដូចជាគណៈកម្មការរៀបចំផ្សារ និងអាជ្ញាធរមូលដ្ឋាន ទៅវិញទៅមក រួចមក គណៈកម្មការរួមជាមួយ នឹងអ្នកវិនិយោគផ្សារក៏បានអញ្ជើញចុះពិនិត្យ ក្នុងផ្សារពោធិ៍កន្លែងជាក់ស្ដែង ដើម្បីធ្វើការអនុវត្តទៅតាមការសំណូមពរ ក៏ដូចជាការណែនាំរបស់គណៈកម្មការដល់ដល់ម្ចាស់វិនិយោគ ឲ្យធ្វើការរៀបចំជីវករអ្នកលក់ដូរ នៅក្នុងផ្សារពោធិ៍កន្លែងឲ្យមានរបៀបរៀបរយ ធ្វើយ៉ាងណាបញ្ចប់បញ្ហាដែលកើតមានឡើងជាមួយអ្នកវិនិយោគផ្សារ និងគណៈកម្មការរៀបចំផ្សារ ព្រមទាំងអាជីវករលក់ដូរ ដើម្បីទទួលបានជោគជ័យ និងមានតម្លាភាពប្រកបដោយប្រសិទ្ធភាពខ្ពស់៕











